សំណល់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញ

ការផ្ដល់អាទិភាពដល់ការប្រើប្រាស់សម្ភារៈឡើងវិញសម្រាប់ផលប៉ះពាល់បរិស្ថានវិជ្ជមាន។

5 នាទី

រូបថត៖ Mark Wickens។

Curious the bear ដែលបង្កើតដោយ Mr & Mrs Ferguson Art គឺជារូបចម្លាក់ខ្លាឃ្មុំត្នោតយក្សដែលរោមរបស់វាត្រូវបានច្នៃពីកាក់ជាង 160,000។ រូបថត៖ Mark Wickens។

ផ្លូវទៅកាន់អនាគតល្អប្រសើរ និងកាន់តែស្អាតចាប់ផ្ដើមពីការសម្រេចចិត្តតូចៗដែលយើងធ្វើរាល់ថ្ងៃ។ ហេតុដូច្នេះហើយ យើងកំពុងស្វែងរកជាបន្តបន្ទាប់នូវវិធីនានា ដើម្បីមានផលប៉ះពាល់បរិស្ថានវិជ្ជមាន និងកាន់តែមានទំនួលខុសត្រូវចំពោះការប្រើប្រាស់ថាមពល ទឹក និងធនធានធម្មជាតិផ្សេងទៀតរបស់យើង។ នៅ Gradient Canopy នោះហើយជាមូលហេតុដែលយើងបានសម្រេចចិត្តបង្កើតអគារដោយគិតដល់គោលការណ៍ការរចនារង្វិលជុំ ដែលជួយកាត់បន្ថយតម្រូវការធនធានធម្មជាតិមានកំណត់។ ការរចនារង្វិលជុំមានគោលបំណងរក្សាសម្ភារៈដែលកំពុងប្រើប្រាស់ឱ្យបានយូរតាមដែលអាចធ្វើបាន ហេតុនេះហើយទើបយើងបានរួមបញ្ចូលសម្ភារៈស្ដារឡើងវិញ និងកែច្នៃឡើងវិញទៅក្នុងអគារ។

នៅ Gradient Canopy យើងបានដំឡើងផលិតផលជាង 30 មុខពីប្រភពសម្ភារៈស្ដារឡើងវិញនៅក្នុងអគារទាំងមូល។ ផលិតផលទាំងនេះរួមមាន ឈើ ធ្នើរដាក់កង់ ទូមានសោ កម្រាល និងការ៉ូដែលកែច្នៃឡើងវិញ ដែលនឹងត្រូវយកទៅចោលនៅកន្លែងចាក់សំរាម បើយកមកធ្វើបែបនេះទេ។ ការរួមបញ្ចូលសម្ភារៈស្ដារឡើងវិញក្នុងកម្រិតនេះបានជួយឱ្យអគារនេះទទួលបានវិញ្ញាបនបត្រ Living Building Challenge (LBC) Materials Petal របស់ International Living Future Institute (ILFI) ដែលមានគោលដៅជួយបង្កើតសេដ្ឋកិច្ច​សម្ភារៈដែលមិនមានជាតិពុល ជួយស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ និងមានតម្លាភាព។

ដោយសារតែទំហំរបស់អគារនេះ យើងត្រូវរៀបចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីទទួលបានសម្ភារៈកែច្នៃឡើងវិញក្នុងកម្រិតមួយដែលសមហេតុផល។ ឧទាហរណ៍ ការស្វែងរកប្រភពសម្ភារៈ ដូចជាការ៉ូ និងកម្រាលកែច្នៃឡើងវិញជាដើមជារឿងពិបាក ដោយសារការរចនានេះតម្រូវឱ្យមានសម្ភារៈប្រភេទនេះច្រើន ហើយសម្ភារៈនេះក៏ត្រូវស៊ីគ្នានឹងវិមាត្រ ពណ៌ និងភាពស័ក្ដិសមនៃសម្ភារៈផងដែរ។

យុទ្ធសាស្ត្រសំខាន់មួយដែលយើងបានប្រើ គឺការប្រើប្រាស់ឡើងវិញនូវសម្ភារៈពីស្តុកសម្ភារៈក្នុងឃ្លាំងរបស់យើងផ្ទាល់នៅ Google។ មានន័យថា យើងបានពិនិត្យមើលសម្ភារៈបម្រុងរបស់យើងផ្ទាល់ រួមទាំងសម្ភារៈថ្មីនៅសល់ដែលមិនត្រូវបានប្រើនៅគម្រោងមុនៗ និងទំនិញដែលត្រូវបានយកចេញពីអគារ មុនពេលវាយកម្ទេច។ តាមរយៈការពិនិត្យមើលនូវអ្វីដែលយើងមានស្រាប់ យើងអាចរួមបញ្ចូលកម្រាលព្រំ ធ្នើរដាក់កង់ ការ៉ូសេរ៉ាមិក និងពិដានទប់សំឡេងដែលស្ដារឡើងវិញ។

វិធីមួយទៀតដែលយើងបានរួមបញ្ចូលសម្ភារៈស្ដារឡើងវិញ គឺការប្រើប្រាស់ឈើកែច្នៃឡើងវិញពីប្រភពផ្សេងៗក្នុងមូលដ្ឋាន។ ឧទាហរណ៍ យើងបានប្រើឈើដែលបានយកចេញនៅអំឡុងពេលសាងសង់ ដើម្បីធ្វើជាកៅអីវែងដែលត្រូវបានដាក់នៅពាសពេញអគារ។ យើងក៏ស្វែងរកអ្នកលក់ក្នុងមូលដ្ឋានឱ្យផ្គត់ផ្គង់ឈើស្ដារឡើងវិញផងដែរ ដែលត្រូវបានប្រើសម្រាប់អ្វីៗដូចជា ជញ្ជាំងពិដាននៅកន្លែងដាក់កង់ និងកម្រាលនៅក្នុង Google Store។

រូបថត៖ Mark Wickens

កម្រាល Google Store ធ្វើពីសំណល់ឈើដែលអាចប្រើប្រាស់ឡើងវិញ។ រូបថត៖ Mark Wickens។

មួយផ្នែកទៀតនៃគោលដៅរចនារង្វិលជុំរបស់យើងនៅ Gradient Canopy គឺពាក់ព័ន្ធនឹងការអនុវត្តគោលដៅកាត់បន្ថយកាកសំណល់សំណង់ដែលពិបាកសម្រេច ដើម្បីបញ្ចៀសការបញ្ជូនសម្ភារៈទៅកន្លែងចាក់សំរាម នៅពេលណាដែលអាចធ្វើទៅបាន។ គិតត្រឹមខែសីហា ឆ្នាំ 2023 យើងបានបង្វែរកាកសំណល់សំណង់ជាង 90% ពីកន្លែងចាក់សំរាម ហើយគំនិតផ្ដួចផ្ដើមកែច្នៃជញ្ជាំងពិដានជាវដ្ដបានអនុញ្ញាតឱ្យយើងកែច្នៃកាកសំណល់ជញ្ជាំងស្ងួតឡើងវិញបានជាង 550,000 ផោន ចាប់ពីឆ្នាំ 2020 ដល់ឆ្នាំ 2022។

យើងក៏បានធ្វើការជាមួយក្រុមហ៊ុន Rheaply ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអាកាសធាតុដែលបានបង្កើតការផ្លាស់ប្ដូរនៅលើអ៊ីនធឺណិតសម្រាប់ផលិតផលអគារ និងធនធានផ្សេងទៀតនៅ Bay Area។ ទីផ្សារសម្ភារៈប្រើប្រាស់ឡើងវិញនៅ Bay Area អនុញ្ញាតឱ្យអាជីវកម្មនៅក្នុងតំបន់ទទួលបានធនធានដែលលើស និងកែច្នៃឡើងវិញ ដូចជាគ្រឿងសង្ហារិម គ្រឿងបំពាក់ គ្រឿងបរិក្ខារ និងសម្ភារៈអគារផ្សេងទៀតក្នុងតម្លៃដែលមានប្រសិទ្ធភាពចំណាយ។ យើងមិនត្រឹមតែរៀបចំដាក់សម្ភារៈដែលលើសដែលបានទិញពី Gradient Canopy ទៅក្នុងបណ្ដាញ Rheaply ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងធ្វើការជាមួយក្រុមហ៊ុន Rheaply ដើម្បីពង្រីកដំណើរការនៃការប្រើប្រាស់សម្ភារៈខាងក្នុងឡើងវិញរបស់យើងនៅ Google ផងដែរ។ ក្រៅពីដំណើរការដ៏ស្មុគស្មាញនៃគម្រោងនីមួយៗដែលក្រុមការងារស្វែងរកសម្ភារៈ និងសម្របសម្រួលបន្ទាត់ពេលវេលា យើងកំពុងស្វែងរកវិធីថ្មីៗដើម្បីសម្រួលដល់ដំណើរការសម្រាប់ការប្រើប្រាស់ឡើងវិញរបស់យើង និងធ្វើឱ្យភាពវិលជុំក្លាយជារឿងធម្មតា។