ការរចនាដែលស័ក្ដិសម​សម្រាប់សត្វស្លាប

ការកាត់បន្ថយគ្រោះថ្នាក់ចំពោះសត្វស្លាបតាមរយៈអគារដែលរួមបញ្ចូលគ្នាជាមួយបរិស្ថានជុំវិញរបស់វា។

3 នាទី

អគារ Gradient Canopy ដែលព័ទ្ធជុំវិញដោយដើមឈើ

អគារ Gradient Canopy ដែលព័ទ្ធជុំវិញដោយដើមឈើ។ រូបថត៖ Iwan Baan សម្រាប់ Google។

នៅ Gradient Canopy គោលដៅមួយនោះគឺដើម្បីអភិវឌ្ឍតំបន់គម្រោងក្នុងលក្ខណៈមួយដែលរួមបញ្ចូលជាមួយទេសភាព និងធ្វើឱ្យកាន់តែមានភាពក្លៀវក្លាបន្តិចម្ដងៗ។ ចំពោះយើង “ក្លៀវក្លា” សំដៅលើកន្លែងដែលរួមចំណែកដល់សុខភាពអេកូឡូស៊ីក្នុងតំបន់រយៈពេលវែង ដែលទាំងមនុស្ស និងសត្វអាចរីកលូតលាស់ សូម្បីតែមានការប្រែប្រួលអាកាសធាតុក៏ដោយ។ នៅ Gradient Canopy យើងបានខិតខំបង្កើតធាតុផ្សំស្ថានប្រព័ន្ធប្រវត្តិសាស្ត្រឡើងវិញដែលផ្ដល់ការទ្រទ្រង់យ៉ាងសំខាន់ដល់សត្វព្រៃ។ ប៉ុន្តែ យើងដឹងថាមានគ្រោះថ្នាក់សម្រាប់សត្វព្រៃនៅក្នុងបរិស្ថានទីក្រុង ជាពិសេសបក្សីក្នុងតំបន់ដូចជាបក្សីចម្រៀង សត្វចាប ចាបហាំមីងប៊ឺត និងបក្សីវ៉បប្លើរ ដែលនេះគឺជាមូលហេតុដែលយើងបានរចនា Gradient Canopy ដោយមានយុទ្ធសាស្ត្រគិតគូរពីបក្សីជាច្រើន។

កញ្ចក់នៅលើអគារអាចជះឥទ្ធិពលខ្លាំងដល់ចំនួនបក្សី ដូច្នេះគឺជារឿងសំខាន់ដែលត្រូវរចនាអគារ ទេសភាព និងពន្លឺនៅ Gradient Canopy ឱ្យស្របតាមនវានុវត្តន៍ LEED ក្នុងស្នាដៃរចនា៖ ការបញ្ចៀសការហើរបុករបស់បក្សី ដើម្បីកាត់បន្ថយការហើរបុកអគារ។

ដើម្បីយល់ដឹងអំពីវិធីល្អបំផុតក្នុងការរួមបញ្ចូលធាតុផ្សំរចនាដែលមានសុវត្ថិភាពសម្រាប់បក្សី យើងបានធ្វើការជាមួយទីប្រឹក្សាផ្នែកអេកូឡូស៊ី H.T. Harvey & Associates ដើម្បីអនុវត្តតាមស្តង់ដា និងការណែនាំឈានមុខគេសម្រាប់អគារដែលមានសុវត្ថិភាពសម្រាប់បក្សី។ ទីបំផុត យើងបានរួមបញ្ចូលការរចនាដែលមានសុវត្ថិភាពសម្រាប់បក្សីតាមវិធីសំខាន់ៗចំនួនពីរនៅ Gradient Canopy៖ ទីមួយគឺជាការកាត់បន្ថយពន្លឺចាំង និងភាពថ្លានៅក្នុងកញ្ចក់អគារ និងទីពីរគឺជាការកាត់បន្ថយការបំពុលពន្លឺនៅពេលយប់នៅក្នុងអគារតាមរយៈដំណោះស្រាយរៀបចំភ្លើងបំភ្លឺខាងក្នុង និងខាងក្រៅ

កញ្ចក់អាចមើលមិនឃើញសម្រាប់ទាំងបក្សី និងមនុស្ស ប៉ុន្តែមនុស្សអាចរៀនមើលឃើញកញ្ចក់តាមរយៈតម្រុយមើលឃើញដូចជាស៊ុមបង្អួច និងពន្លឺចាំង។ ប៉ុន្តែ បក្សីមានញាណយល់អំពីជម្រៅតិចតួច និងជារឿយៗ ចាត់ទុកពន្លឺចាំងនៃទេសភាព ឬមេឃជារបស់ពិត។ ភាពថ្លាក្នុងកញ្ចក់ក៏អាចបង្កឱ្យមានការហើរបុកផងដែរ ប្រសិនបើបក្សីអាចមើលឃើញរុក្ខជាតិតាមជ្រុងនៃកញ្ចក់ ឬរុក្ខជាតិនៅក្នុងអគារ។ ជាគោល កាលណាកញ្ចក់របស់អគារកាន់តែធ្វើឱ្យមើលឃើញរុក្ខជាតិឬមេឃមិនថាតាមរយៈភាពថ្លាឬពន្លឺចាំងទេ នោះអត្រានៃការហើរបុករបស់បក្សីនឹងកាន់តែខ្ពស់។

នៅ Gradient Canopy ដំណោះស្រាយរបស់យើងគឺដំបូងត្រូវរកកញ្ចក់ដែលមានសន្ទស្សន៍ពន្លឺចាំងកាន់តែទាប។ ភាពរីកចម្រើនថ្មីៗក្នុងវិស័យបច្ចេកវិទ្យា និងផលិតកម្មកញ្ចក់បានបង្កភាពងាយស្រួលក្នុងការសម្រេចបានពន្លឺចាំងខាងក្រៅកាន់តែទាបដោយមិនឱ្យប៉ះពាល់ដល់ការឡើងកម្ដៅពីពន្លឺព្រះអាទិត្យទេ ដែលបានជួយយើងក្នុងការរកបាននូវកញ្ចក់កាន់តែល្អសម្រាប់បង្អួច និងផ្នែកខាងមុខជាច្រើននៃអគារ។ ការរួមបញ្ចូលគំនូសជិតៗគ្នាដែលអាចមើលឃើញនៅលើកញ្ចក់ ដូចជាស្ទីគ័រ ឬ "Frit" សេរ៉ាមិកបង្កប់ ក៏អាចកាត់បន្ថយអត្រាស្លាប់របស់បក្សីបានយ៉ាងច្រើនផងដែរ ដោយសារបក្សីនឹងចាត់ទុកគំនូសទាំងនោះជាឧបសគ្គ និងមិនព្យាយាមហើរឆ្លងកាត់ទេ។ យើងបានជ្រើសរើសទម្រង់គំនូសល្អិតៗដែលអនុវត្តតាមការណែនាំចុងក្រោយរបស់ American Bird Conservancy ដែលមានគោលដៅផ្ដល់ការការពារបន្ថែមដល់ចាបហាំមីងប៊ឺតដ៏តូចបំផុតទៀតផង។ នៅ Gradient Canopy យើងបានរចនា Frit នៅលើផ្នែកដែលបែរទៅទីសាធារណៈជាពាក្យផ្គុំ ដែលឈ្មោះប្រភេទបក្សីក្នុងស្រុកចំនួន 30 ផ្សេងគ្នាជា 30 ភាសាត្រូវបានបោះពុម្ពជាមួយគ្នានៅលើកញ្ចក់។ នោះគឺជា “របស់បង្កប់” ដែលបញ្ចូលធាតុផ្សំនៃការកម្សាន្ត និងការរកឃើញទៅក្នុងធាតុផ្សំនៃការរចនាប្រកបដោយសុវត្ថិភាពដែលមានប្រយោជន៍ខ្លាំងសម្រាប់បក្សី។

ការរចនាកញ្ចក់ការពារសត្វស្លាបហើរបុកដោយប្រើប្រភេទសត្វស្លាបក្នុងតំបន់ 30 ប្រភេទផ្សេងៗគ្នាជា 30 ភាសា។

ការរចនាកញ្ចក់ការពារសត្វស្លាបហើរបុកដោយប្រើប្រភេទសត្វស្លាបក្នុងតំបន់ 30 ប្រភេទផ្សេងៗគ្នាជា 30 ភាសា។ រូបថត៖ Iwan Baan សម្រាប់ Google។

ជាចុងក្រោយ យើងបានរចនាពន្លឺនៅ Gradient Canopy ជាពិសេសសម្រាប់កាត់បន្ថយការហើរបុករបស់បក្សី។ នៅពេលយប់ ពន្លឺដែលភ្លឺអាចធ្វើឱ្យបក្សីវង្វេង និងរំខានដល់ជម្រកក្នុងតំបន់ និងជាពិសេស អាចបង្កគ្រោះថ្នាក់ដល់បក្សីដែលហោះហើរនៅពេលយប់។ យើងកាត់បន្ថយការបំពុលពន្លឺនៅ Gradient Canopy តាមរយៈការមិនដាក់ពន្លឺបាញ់ឡើងលើនៅលើអគារ ឬបរិវេណដាំដុះរុក្ខជាតិ និងបិទបាំងបរិក្ខារខាងក្រៅ ដើម្បីកុំឱ្យពន្លឺចាំងទៅដល់ជម្រក។ យើងក៏បានដំឡើងរនាំងបង្អួចដែលត្រូវបានបិទនៅពេលយប់ និងដាក់សេនស័រ​ចាប់ដឹង​ថាមានមនុស្សនៅពេលយប់នៅលើអំពូលភ្លើងទាំងអស់ខាងក្នុងអគារ ដើម្បីប្រាកដថា ភ្លើងនឹងបើកតែនៅពេលមាននរណាម្នាក់កំពុងនៅក្នុងអគារប៉ុណ្ណោះ។

ដើម្បីធានាបាននូវធាតុផ្សំនៃការរចនាដែលមានសុវត្ថិភាពសម្រាប់បក្សីនៅកន្លែងធ្វើការ Gradient Canopy ដូចដែលយើងចង់បាន និងថាយើងអាចធ្វើការកែតម្រូវតាមការចាំបាច់ យើងក៏បានរៀបចំគម្រោងតាមដានរយៈពេលបីឆ្នាំ ដើម្បីតាមដានការហើរបុករបស់បក្សីទៅនឹងអគារនិងរចនាសម្ព័ន្ធទីតាំងតាមរយៈការដើរមើល និងការសង្កេតជុំវិញបរិវេណអគារជាប្រចាំផងដែរ។ សរុបមក យើងសង្ឃឹមថា ការរួមបញ្ចូលការរចនាដែលមានសុវត្ថិភាពសម្រាប់បក្សីនឹងជួយអគាររបស់យើងឱ្យសម្របទៅតាមបរិស្ថានជុំវិញកាន់តែប្រសើរ ដែលបង្កើនលទ្ធភាពក្នុងការរស់នៅចូលគ្នារបស់សត្វព្រៃ និងមនុស្សប្រកបដោយសុខុមាលភាព។